អំពើពុករលួយ​ផ្នែក​នយោបាយ​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​សង្គម

អំពើពុករលួយ
Tags: #<Tag:0x00007f27a0bcff88>

(Vannak Eng) #1

អង្គការ​តម្លាភាព​កម្ពុ​ជា បាន​រកឃើញថា អំពើពុករលួយ​ក្នុង​វិស័យ​នយោបាយ បង្ក​ផលប៉ះពាល់​ដ៏​ខ្លាំង​បំផុត​ដល់​សង្គម​កម្ពុជា។ បញ្ហា​ពុករលួយ​ក្នុង​វិស័យនេះ គឺជា​ឫសគល់ ដែល​បណ្តាល​ឲ្យ​កើត​អំពើពុករលួយ​ដទៃទៀត។ នេះ​ជាការ​លើកឡើង​របស់លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ក្នុង​សន្និសីទ​កា​សែក​ស្តីពី​បញ្ហា​ពុករលួយ នៅ​វិទ្យាស្ថាន​ខ្មែរ សម្រាប់​សហប្រតិបត្តិកា​រ និង​សន្តិភាព ដែល​ប្រព្រឹត្តទៅ​នាពេល​ព្រឹក ថ្ងៃទី២៥ ខែសីហា​នេះ។

អំពើពុករលួយ​នយោបាយ គឺ​សំដៅ​ដល់​អំពើពុករលួយ ដែល​កើតចេញពី​សំណាក់​អ្នកនយោបាយ ក្នុង​ការប្រើ​អំណាច​នយោបាយ លើសពី​អំណាចច្បាប់ ឬ​ខុស​នឹង​វិធានការ​ច្បាប់ ដើម្បី​ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផលប្រយោជន៍​បក្សពួករ​បស់​ខ្លួន។

បើតាម​ប្រសាសន៍​របស់លោក ព្រាប កុល អំពើពុករលួយ​ផ្នែក​នយោបាយ គឺជា​ឥទ្ធិពល​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ និង​ជា​មេរោគ​សង្គម​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។ ប្រធាន​អង្គការ​រូបនេះ​បន្ថែម​ដូច្នេះ​ថា៖ «ពុករលួយ​នយោបាយ គឺ​យើង​អាច​សំដៅ​ដល់ ការសម្រេចចិត្ត​ធ្វើ​ច្បាប់ ឬក៏​ការតាក់តែង​គោលនយោបាយ ដែល​បម្រើ​ផលប្រយោជន៍​បុគ្គល ឬ​ក្រុម​ណាមួយ ជាង​ផលប្រយោជន៍​ប្រជាជន ឬ​ផលប្រយោជន៍​ជាតិ។ បើ​យើង​និយាយ​ពី​ការជ្រើសតាំង​អ្នកនយោបាយ ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​នោះ ក៏​នឹង​ជ្រើសរើស​ដោយមាន​ការ​លម្អៀង​ដែរ»។

លោក​បន្ថែមទៀតថា៖ «ដើម្បី​ផលប្រយោជន៍​បុគ្គល ឬ​ផលប្រយោជន៍​ក្រុម​ខ្លួន អ្នកនយោបាយ​បាន​ប្រើ​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន ក្នុងការ​ជ្រៀតជ្រែក​អំណាច​ឯករាជ្យ​នៃ​ស្ថាប័ន​ដទៃទៀត ។ សូម្បីតែ​ការគ្រប់គ្រង និង​ការចាត់ចែង​ការបោះឆ្នោត ក៏​អាចមាន​បញ្ហា​ខុស​ប្រក្រតី​ដែរ ។ ទាំងអស់នេះ យើង​អាច​ចាត់ទុកថា សុទ្ធតែជា​ចង្កោម​ពុករលួយ​នយោបាយ»។