បក្សប្រឆាំងដូរសារនយោបាយ តែមិនដូរសមាសភាពក្បាលម៉ាស៊ីនដឹកនាំ


(Vannak Eng) #1

គណបក្សប្រឆាំងបានសម្រេចដកចេញនូវសារនយោបាយរបស់ខ្លួន បន្ទាប់ពីក្រសួងមហាផ្ទៃស្នើឡើងច្រើនដងឲ្យផ្លាស់ប្ដូរ ខណៈក្រសួងមហាផ្ទៃបានសារទរចំពោះការដូរសារនយោបាយនេះ ប៉ុន្ដែនៅមិនទាន់ទទួលស្គាល់ក្បាលមាស៊ីនដឹកនាំគណបក្ស។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី២ មេសា ម្សិលមិញ គណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិបានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិចារណាកែប្រែពាក្យស្លោកនយោបាយ និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួន តាមការចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនោះ គណបក្សប្រឆាំងបានសម្រេចដកចេញនូវសារនយោបាយរបស់ខ្លួនដែលដាក់ថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» បន្ទាប់ពីក្រសួងមហាផ្ទៃចោទថា សារនយោបាយនេះបំពាននឹងរដ្ឋធម្មនុញ្ញ និងច្បាប់គណបក្សនយោបាយ ដោយថា ជាការញុះញង់ បង្កឲ្យមានអស្ថិរភាពជាតិ។

យ៉ាងណាក៏ដោយ បើតាមសេចក្ដីប្រកាសព័ត៌មាន គណបក្សប្រឆាំងមិនបានផ្លាស់ប្ដូររចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំនោះទេ ដោយគណបក្សនេះនៅតែរក្សាទុកលោក កឹម សុខា ជាអ្នកទទួលតំណែងជាប្រធានបក្សថ្មី និងអនុប្រធាន៣រូប មាន លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង។

ក្រសួងមហាផ្ទៃ និងមន្ដ្រីនាំពាក្យគណបក្សកាន់អំណាចបានសាទរចំពោះការផ្លាស់ប្ដូរនេះ ដោយចាត់ទុកថា ជាការបន្ទន់ឥរិយាបថមួយរបស់បក្សប្រឆាំង។

ក្រសួងមហាផ្ទៃធ្លាប់បានបង្ហាញជំហរជំទាស់នឹងសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងជាច្រើនដង ដោយថា ខុសនឹងលក្ខន្ដិកៈថ្មី និងច្បាប់ចាស់ដែលតម្កល់នៅក្រសួងមហាផ្ទៃ។ បន្ទាប់ពីគណបក្សប្រឆាំងបានផ្លាស់ប្ដូរតាមការស្នើឡើង ក្រសួងមហាផ្ទៃបានចេញលិខិតសាទរ និងទទួលយកទៅតម្កល់វិសោធនកម្មលក្ខន្តិកៈថ្មី លើប្រការ៤៥ និងប្រការ៤៧ របស់គណបក្សសង្គ្រោះជាតិ និងទទូចឲ្យគណបក្សប្រឆាំងអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

ប៉ុន្ដែនៅក្នុងលិខិតនោះ ពុំបានបញ្ជាក់ថាតើក្រសួងមហាផ្ទៃនឹងជំទាស់នឹងរចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងបន្ដទៀត ឬអត់នោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា ក្រសួងព្រមទទួលស្គាល់ លក្ខន្តិកៈថ្មីរបស់បក្សនេះប៉ុន្ដែសម្រាប់ការទទួលស្គាល់ក្បាលម៉ាស៊ីន គឺស្រេចទៅលើគណបក្សប្រឆាំង ថាតើគោរពតាមច្បាប់លក្ខន្តិកៈថ្មីរបស់ខ្លួន ឬអត់។

លោកថា៖ «ទទួលស្គាល់តែលក្ខន្តិកៈទេ តម្កល់ទុកនូវលក្ខន្តិកៈទទួលស្គាល់ តម្កល់ទុក និយាយរួមគាត់ [ក្រសួងមហាផ្ទៃ]មិនទាន់ឆ្លើយថា ទទួលស្គាល់ក្បាលម៉ាស៊ីនទេ»។