ក្រសួងថាទាល់តែបិទហិបឆ្នោតទើបឲ្យអ្នកសារព័ត៌មានផ្សាយបាន


(Vannak Eng) #1

ក្រសួងព័ត៌មានថាមិនឲ្យអ្នកសារព័ត៌មានធ្វើការផ្សាយឬអត្ថាធិប្បាយទាក់ទាក់នឹងដំណើរការបោះឆ្នោត មុនពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់នោះទេ ដោយថាកុំឲ្យមានការភាន់ច្រឡំពីសាធារណៈជន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលា ថ្ងៃទី៣០ ខែសីហានេះ ស្តីពី នីតិវិធី និងច្បាប់បោះឆ្នោតដែលធ្វើនៅក្រសួងព័ត៌មាន ។ លោកមានប្រសាសន៍៖”ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោត ជាធម្មតាគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម បានន័យថា ដោយសារយើងយល់ហើយថា បួន ប្រាំរឿងមកហើយនេះ យើងដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដូច្នេះហើយដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ និយាយរួមសូមឲ្យស្ងាត់ស្ងៀមតែម្តងនៅពេលដែលក្រោយការបោះឆ្នោតបិទបញ្ជី បិទហិបបោះឆ្នោតហើយទើបអ្នកកាសែតអាចធ្វើអត្ថាធិប្បាយអ្វីផ្សេងបានទៀត ហើយដើម្បីប្រជាជនគាត់មានការស្ងប់អារម្មណ៍របស់គាត់ក្នុងការងារនេះ”។

កាលពីការបោះឆ្នោតឆ្នាំ២០១៣ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនបានផ្សាយផ្ទាល់ពីដំណើរការបោះឆ្នោត ដោយមានអ្នករាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនដែលបានកើតនៅតាមមណ្ឌលបោះឆ្នោត។

ពេលនោះមន្រ្តីក្រសួងព័ត៌មានបានទូរស័ព្ទប្រាប់វិទ្យុ VOD ឲ្យផ្អាកការផ្សាយ។

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានសិទ្ធិក្នុងការផ្សព្វផ្សាយពីព័ត៌មានដែលប្រមូលបាន ប៉ុន្តែលោកថា រាល់ការផ្សព្វផ្សាយត្រូវមានប្រភពច្បាស់លាស់៖”មិនឲ្យផ្សាយទាល់ចេញលទ្ធផលមិនត្រូវទេ បើជាទូទៅបើអ្នកសារព័ត៌មានអាចផ្សាយនៅពេលណាក៏បាន ប៉ុន្តែគ្រាន់តែត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ទម្លាប់បែបហ្នឹងមិនមែនធ្វើត្រឹមតែស្រុកខ្មែរទេ ស្រុកណាក៏គេធ្វើអញ្ចឹងដែរ គឺគេអាចផ្សាយនៅពេលណាក៏បានដែរ ប៉ុន្តែត្រូវមានប្រភពច្បាស់លាស់ ត្រូវបញ្ជាក់អំពីស្ថានភាព ត្រូវបញ្ជាក់អំពីដំណើរការបោះឆ្នោតមានទំរង់យ៉ាងម៉េច បែបបទយ៉ាងម៉េច កាលៈទេសៈយ៉ាងម៉េចបញ្ជាក់ឲ្យយល់ពី (concepte)គំណិតហ្នឹងទៅវាបបូរហើយ”។